
ក្រុមហ៊ុនទូរស័ព្ទ Xiaomi Inc ដែលមានមូលដ្ឋាននៅប្រទេសចិន ពេលនេះបានក្លាយជាក្រុមហ៊ុនលក់ទូរស័ព្ទចំណាត់ថ្នាក់លេខ៣ លើពិភពលោក ដោយប្រើពេលតែ ៣ឆ្នាំក្នុងការវាយលុកទីផ្សារស្មាតហ្វូនប៉ុណ្ណោះ។ នេះដោយយោងតាមរបាយការណ៍បណ្ដាញព័ត៌មានរ៉យទ័រ។ស្ថាប័នស្រាវជ្រាវនិងវិភាគទីផ្សារ Strategy Analytics បានឱ្យដឹងថា ពេលនេះ ក្រុមហ៊ុនទូរស័ព្ទ Xiaomi បានបោះជំហានយ៉ាងរហ័សយកតំណែងជាក្រុមហ៊ុនលក់ទូរស័ព្ទលំដាប់លេខ៣ លើពិភពលោកបន្ទាប់ពីក្រុមហ៊ុន Samsung (លេខ១) និង Apple (លេខ២)។ របាយការណ៍របស់ Strategy Analytics បានឱ្យដឹងថា ក្រុមហ៊ុនម្ចាស់ទូរស័ព្ទ Mi4 រាងដូច iPhone 6 នេះ បានក្ដាប់ចំណែកទីផ្សារស្មាតហ្វូនពិភពលោក ៦% នៅត្រីមាសចន្លោះខែ កក្កដា-កញ្ញា ដែលគិតជាតួលេខសរុបលក់បាន ៣២០លានគ្រឿង។
... Xiaomi ប្រកាសចេញប្រព័ន្ធប្រតិបត្តិការថ្មី MIUI 6 ទម្រង់ម៉ូដស្រដៀង iOS 8 ...
លោក Neil Mawston នាយកប្រតិបត្តិស្ថាប័នវិភាគយុទ្ធសាស្ត្រ Strategy Analytics បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា៖ «ក្រុមហ៊ុន Xiaomi គឺជាតារាដែលរះខ្ពស់ឆាប់រហ័ស (Xiaomi was the star performer)»។ «Samsung នឹងមានដៃគូថែមមួយទៀត ក្រៅពី Apple ជាដៃគូខ្លាំង បន្តមកគឺដៃគូមធ្យម Xiaomi និង Huawei ហើយបន្ទាប់ពីនេះ មាន Lenovo និងក្រុមហ៊ុនផ្សេងៗទៀត»។
Xiaomi គឺជាក្រុមហ៊ុនលក់ទូរស័ព្ទដាច់ខ្លាំងបំផុតនៅទីផ្សារលើទឹកដីកំណើតរបស់ខ្លួន (ប្រទេសចិន) ហើយថ្មីៗនេះ ក៏បានយកឈ្នះក្រុមហ៊ុន Samsung នៅលើទីផ្សារប្រទេសឥណ្ឌាផងដែរ។ ក្រុមហ៊ុនគ្រោងជំរុញសម្ទុះលក់ចេញនៅឥណ្ឌាឲ្យបាន៥ដង ពោលគឺឆ្នាំ២០១៥ លក់ឲ្យបាន១០០លានគ្រឿងនៅឥណ្ឌា ហើយកំពុងប្រជែងនឹង Samsung និង Apple ទូទាំងពិភពលោក។
គិតក្នុងរយៈពេលដូចគ្នា Samsung យកបានចំណែកទីផ្សារស្មាតហ្វូន ២៥% ថយចុះពី ៣៥% កាលពីត្រីមាសដដែលឆ្នាំមុន។ រីឯចំណែកទីផ្សាររបស់ក្រុមហ៊ុន Apple មានការថមថយតិចតួចមកនៅត្រឹម ១២%៕
Post a Comment
Note: Only a member of this blog may post a comment.