0

ការវិវត្តន៍​ផ្នែក​វេជ្ជសាស្ត្រ ដ៏​ឆាប់រហ័ស​នាពេល​បច្ចុប្បន្ន​អាចជួយ សង្គ្រោះ​ទារក ដែល​ប្រសូត​មិន​គ្រប់​ខែ​ឲ្យ​លូតលាស់ និង​ឆ្លាត​វៃ​ដូច​ទារក​ធម្មតា​បាន ។ ការជួយ​សង្គ្រោះ​បាន ដោយ​ជោគជ័យ​នេះ ទាមទារ​នូវ​ការចិញ្ចឹម និង​ថែទាំ​ដោយ​ទឹកដោះ​ម្តាយ ដែល​ជា​អាហារ​ដ៏​ប្រសើរ​បំផុត និង​ការព្យាបាល​ដោយ​ក្រុម​គ្រូពេទ្យ ដែល​មាន​ឯកទេស​ផ្នែក​ទារក ។​

ទឹកដោះ​ម្តាយ​ផ្តល់​នូវ​សារប្រយោជន៍ ដ៏​ធំ​សម្បើម​សម្រាប់​ទារក​មិន​គ្រប់​ខែ និង​ទារក​ទម្ងន់​ស្រាល​តាមរយៈ​ចលនា​ការ​នៃ​ការ​ជញ្ជក់ ហើយ​ទឹកដោះ​ម្តាយ​ផ្តល់​នូវ​សារធាតុ ខ្លាញ់ សាច់ ស្ករ និង​ពពួក​អង្គ​បដិបក្ខប្រាណ (Antibo-dies) សម្រាប់​ការលូតលាស់ និង​ការពារ​សារពាង្គកាយ​ដ៏​ច្រើន​សន្ធឹកសន្ធាប់ ។​

ការសិក្សា​បាន​បង្ហាញថា ការ​បំបៅ​ដោយ​ទឹកដោះ​ម្តាយ​ជំរុញ​ការ ជញ្ជក់​បាន​ខ្លាំងក្លា​ជាង​ការ​បំបៅ​ដោយ​ដប ។ ការស្រាវជ្រាវ​ក៏​បាន​បង្ហាញថា ការចិញ្ចឹម និង​ថែទាំ​ដោយ​ទឹកដោះ​ម្តាយ បាន​បន្ថយ​នូវ​ជំងឺ​រលាក​ពោះវៀន (Necrotizing enterocolitis) ដែលជា​មូលហេតុ​ចម្បង​នៃ​ការស្លាប់​របស់​ទារក ។ ក្នុង​បរិមាណ ១០០ មិ​ល្លី​លីត្រ នៃ​ទឹកដោះ​ម្តាយ​ផ្តល់​បាន​ថាមពល​ចំនួន ៧៤ គីឡូ​កាឡូរី ជាតិ​សាច់ ២,៣ ក្រាម ខ្លាញ់​៣,៤២ ក្រាម និង​បណ្តា​វីតាមីន ដ៏​ទៃ​ទៀត​សម្រាប់​ការលូតលាស់​ដ៏​ប្រសើរ ។​

៙ ឧបសគ្គ​នៃ​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ ៖

ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏ដោយ​ចុះ​មាន​ឧបសគ្គ​ជាច្រើន​បាន​បង្ក ជា​ការលំបាក​ដល់​ការ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ម្តាយ​នេះ ។ គេ​ប៉ាន់ប្រមាណ​ថា ១/៣ នៃ​ម្តាយ​ដែល​សម្រាលកូន​មិន​គ្រប់​ខែ មាន​ជំងឺ​ភាព​តានតឹង​អារម្មណ៍ (Stress) ។ ជំងឺ​នេះ​បាន​រំខាន​ដល់​ការបំពេញ​តួនាទី​ជា​ម្តាយ ក្នុង​ការ​ផ្តល់​អាហារ​ដ៏​ប្រសើរ​នេះ​ដល់​ទារក​ដែល​ងាយ​រងគ្រោះ ។​

ការ​មិន​បំបៅ​ដោយ​ទឹកដោះ ម្តាយ​បាន​បាត់បង់​នូវ​រេផ្លិច​ដ៏​សំខាន់ គឺ​ជញ្ជក់ លេប ដកដង្ហើម Deglutition Respiration Succion ។ ម្យ៉ាង​ទៀត​នោះ​ការ​មិន​បំបៅ​ដោះ​បាន​បាត់បង់​នូវ ការស្រឡាញ់​ថ្នាក់ថ្នម ម្តាយ​-​កូន (Psychological Baby mother) ដែល​ជា​កត្តា​ឆ្លាត​វៃ​របស់​កុមារ ។​

យុទ្ធសាស្ត្រ​ចម្បង​ដែល​ធ្វើ ឲ្យ​ការ​បំបៅ​ទារ​កដោយ​ទឹកដោះ​ម្តាយ​ទទួលបាន​ជោគជ័យ ដោយ​ពិចារណា​ទៅលើ​សារសំខាន់ នៃ​ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ បែបនេះ​វា​តម្រូវឲ្យ​មាន​យុទ្ធនាកា​រ​ចាំបាច់​ជាច្រើន ។ កត្តា​ដ៏​សំខាន់​មួយ​នោះ គឺ​ផ្តល់​ព័ត៌មាន និង​ការចូលរួម​ដ៏​សកម្ម​របស់​បុគ្គលិក​សុខាភិបាល និង​ម្តាយ​គ្រប់រូប ។ ចាំបាច់​ដែរ​នោះ គេ​គួរតែ​ប្រែក្លាយ​មន្ទីរសម្ភព​ទាំងឡាយ ឲ្យទៅ​ជា​មន្ទីរពេទ្យស្រឡា​ញ់​ទារក ( Baby Friendly Hospital) ។ ទន្ទឹម​នោះ​គេ​ត្រូវ អនុវត្ត​ឲ្យមាន​ប្រសិទ្ធ​ភាព​នូវ​អនុក្រឹត ស្តីពី​ការផ្សព្វផ្សាយ​លក់​ផលិតផល សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ ។​

ជា​រួម​ដើម្បី​ទទួលបាន​ជោគជ័យ​ក្នុងការ​បំបៅ​ដោយ ទឹកដោះ​ម្តាយ ចំពោះ​ទារក​ដែល​សម្រាល​មិន​គ្រប់​ខែ វា​ពុំ​មែន​ជា​បញ្ហា​សាមញ្ញ​ទេ វា​ទាមទារ​នូវ​ការយល់ដឹង និង​ការចូលរួម​គ្រប់ ផ្នែក​ពី​ម្តាយ​គ្រូពេទ្យ​ឯកទេស​ទារក យ៉ាងសកម្ម ។ អ្វី​ដែល​យើង​ត្រូវ​ចងចាំ​នោះ ការ​បំបៅ​ដោយ​ទឹកដោះ​ម្តាយ មាន​សារសំខាន់​ក្នុង​វិស័យ​សុខភាព​សាធារណៈ កាត់បន្ថយ​ភាពក្រីក្រ បន្ថយ​អត្រា​ឈឺ និង​អត្រា មរណៈ​របស់​ទារក និង​កុមារ​អាយុ​ក្រោម ៥ ឆ្នាំ ។​

Post a Comment

Note: Only a member of this blog may post a comment.

 
Top