ណែមត្រី
គ្រឿងផ្សំ៖
ជាធម្មតាគេប្រើត្រីរ៉ស់ ឬ ត្រីស្លាត តែខ្ញុំប្រើត្រីម្យ៉ាងឈ្មោះ Pangasius មកជំនួសវិញដោយ ជន្លាសយកតែសាច់ ៦០០ក្រាម
ស្ករស ២ស្លាបព្រាបាយ អំបិល ១ស្លាបព្រាបាយ
រំដេង ៣មើម ខ្ទឹមស១មើម
ម្ទេស
ស្លឹកកន្ទួត (បើមាន)
ថង់ប្លាសស្ទិចទុកច្រក
របៀបធ្វើ៖
បុកឬកិនរំដេង និងខ្ទឹមសចូលគ្នាអោយម៉ត់។
ហាន់សាច់ត្រីជាចំណិតតូចៗ រួចបុកឬកិនអោយម៉ត់ដែរ។
លាយសាច់ត្រីដែម៉ត់ហើយជាមួយរំដេង និងខ្ទឹមស ដាក់ស្ករស និងអំបិលចូល រួចច្របល់ចូលគ្នាអោយសព្វ។
ច្រកដាក់ថង់ដោយសង្កត់អោយណែន និងបង្កប់ម្ទេស និងស្លឹកកន្ទួតតាមបរិមាណដែលអ្នកចូលចិត្ត រួចចងអោយជិតកុំអោយចូលខ្យល់។
ទុក ២ថ្ងៃ២យប់ ដោយមិនអោយត្រូវកំដៅថ្ងៃ និងមិនដាក់ក្នុងទូរទឹកកក សាច់ត្រីនឹងឆ្អិនហើយឡើងជូរឆ្ងាញ់អាចបរិភោគបាន៕
ឆាគ្រឿងសាច់គោ
គ្រឿងផ្សំ
សាច់គោ (សាច់ស្រួយ ឬសាច់កំភួន)
គល់ស្លឹកគ្រៃហាន់ ខ្ទឹមស រមៀត ស្លឹកក្រូចសើច រំដេង
សណ្តែកដីលីង
ម្ទេសប្លោកបៃតង
ខ្ទឹមបារាំង
ប្រេងឆា ស្ករ អំបិល
របៀបធ្វើ
ហាន់សាច់គោជាចំណិតតូចៗ។
បុកគល់ស្លឹកគ្រៃហាន់ ខ្ទឹមស រមៀត ស្លឹកក្រូចសើច រំដេង និងសណ្តែកដីលីងចូលគ្នាអោយហ្មត់។
ពុះម្ទេសប្លោក១ ជា៦ រួចហាន់បញ្ឆិតៗមិនតូចពេកមិនធំពេក។
ហាន់ខ្ទឹមបារាំងបណ្តោយ តូចៗ។
ចាក់ប្រេងឆាបន្តិចចូលក្នុងខ្ទះ ទុកអោយក្តៅរួចចាក់គ្រឿងដែលបុកហើយចូល។ លីងគ្រឿងបន្តិចរួចចាក់សាច់គោចូល ម្ទេសប្លោកនិងខ្ទឹមបារាំងចូលដំណាលគ្នា (សាច់ស្រួយជាសាច់ផុយ មិនចាំបាច់រំងាស់ទេ)។ ឆាច្របល់ចូលគ្នា ដាក់ស្ករ និងអំបិលរួចភ្លក់តាមរសជាតិដែលចូលចិត្ត។ ទុកលើភ្លើងមើលតែម្ទេសប្លោកឆ្អិន ដួសដាក់ចានជាការស្រេច៕
បបរគ្រឿង
គ្រឿងផ្សំ៖
សាច់ជ្រូក ឆ្អឹងជ្រូក (យកឆ្អឹងស៊ុប)
ផ្សិតក្រៀម
ការ៉ុត ដំឡូងបារាំង ផ្សិតចំបើង ខ្ទឹមបារាំង សណ្តែកបណ្តុះ ជីបន្លា
សៀងផ្អែម
អង្ករ
ដុំស៊ុប ស្ករស អំបិល ម្រេច ទឹកត្រី ខ្ទឹមស
របៀបធ្វើ៖
ដាំទឹកស្ងោរឆ្អឹងជ្រូក
ហាន់សាច់ជ្រូកជាបន្ទះតូចៗ ឆ្អឹងជ្រូកកាប់ជាដុំៗ
ត្រាំផ្សិតក្រៀម រួចហាន់ជាចំណិតតូចៗ
ហាន់ការ៉ុត និងដំឡូងបារាំងជាដុំតូចៗ
ហាន់ផ្សិតចំបើង (១ពុះជា២រឺជាបួន)
ហាន់ខ្ទឹមបារាំងតាមបណ្តោយស្តើងៗ
ចិញ្ច្រាំខ្ទឹម
ពេលទឹកពុះ ដាក់ដុំស៊ុប១ដុំ រួចដាក់ឆ្អឹងជ្រូក សាច់ជ្រូកនិងការ៉ុតចូល។ រំងាស់មួយស្របក់ ដាក់ផ្សិតក្រៀម និងដំឡូងបារាំងចូល។
ដាក់អំបិល ស្ករ ម្រេច ទឹកត្រី
លាងអង្ករ រួចសំរិតទឹកចេញអោយអស់
ប្រើចង្ក្រានមួយទៀត បំពងខ្ទឹមស រួចចាក់អង្ករដែលលាងរួចចួល ឆាមួយសន្ទុះ ចាក់អង្ករដែលឆារួចចូលឆ្នាំងបបរ រួចដាក់ផ្សិតចំបើងចូល រំងាស់រហូតដល់អង្កររីក។ ភ្លក់តាមរសជាតិដែលចូលចិត្ត រួចបង់ខ្ទឹមបារាំងចូលទុកជាបានការ។
ពេលដួសញ៉ាំ ទើបដាក់សណ្តែកបណ្តុះ ជីបន្លា និងសៀង
ចំណាំ៖ បើដាក់ប្រហិត សាច់បាត់តេ បង្គា ថែមទៀតរិតតែឆ្ងាញ់!!



Post a Comment
Note: Only a member of this blog may post a comment.