0
​ក្រុមហ៊ុន​ឧបករណ៍​ទូរគមនាគមន៍​ហ្វាំ​ង​ឡង់ Nokia បានប្រកាស​ការវិលត្រឡប់​មករក​ឧបករណ៍​ទូរស័ព្ទ​ដ៏​មិនគួរ​ឲ្យ​រំពឹងទុក​ជាមួយនឹង​ថេ​ប្លេ​ត​មួយ ដែលមាន​គោលបំណង​ផ្តោតលើ​ទីផ្សារ​ចិន​។ នេះ​បើ​យោងតាម​វេ​ប​សាយ news.com.au ចេញផ្សាយ​ថ្ងៃទី ១៨ ខែវិច្ឆិកា​។ 
​ប្រធាន​ផ្នែក​ផលិតផល​របស់ Nokia លោក Sebastian Nystroem បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា "​យើង​មាន​ក្តី​រីករាយ​ណាស់​ដើម្បី​នាំមក​នូវ​ម៉ាក​សញ្ញា Nokia ត្រឡប់មក​ក្នុង​ដៃ​របស់​អតិថិជន​វិញ ជាមួយនឹង​ឧបករណ៍​ថេ​ប្លេ​ត​អ៊ែន​ដ្រ​យ (Android) N1 និង​ដើម្បី​ជួយ​ធ្វើ​ឲ្យ​បច្ចេកវិទ្យា​ទំនើប​មាន​លក្ខណៈសាមញ្ញ​"​។ 

ថេ​ប្លេ​ត N1 របស់ Nokia គ្រោង​នឹង​ចេញលក់​លើ​ទីផ្សារ​ចិន​នៅ​ដើមឆ្នាំ ២០១៥

​ក្រុមហ៊ុន Nokia បាន​ឲ្យ​ដឹងថា ឧបករណ៍​នេះ​នឹងត្រូវ​ផលិតឡើង​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​តៃវ៉ាន់ Foxconn ដែលជា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ធំ​បំផុត​របស់​ក្រុមហ៊ុន Apple ហើយនឹង​ត្រូវ​ដាក់លក់​លើ​ទីផ្សារ​ចិន​នៅ​ដើមឆ្នាំ ២០១៥ "​ដោយ​លក់រាយ​ក្នុងតម្លៃ​ប្រមាណ ២៤៩ ដុល្លារ​មុន​បង់ពន្ធ រួម​ជាមួយនឹង​ការរំពឹងទុក​ក្នុងការ​ពង្រីក​ការលក់​ទៅកាន់​ទីផ្សារ​ដទៃទៀត​ជាច្រើន​"​។ 

​ឧបករណ៍ ដែល​បាន​យកមក​បង្ហាញ​នៅ​ពិព័រណ៍​បច្ចេកវិទ្យា Slush នៅក្នុង​ទីក្រុង​ហែល​ស៊ិន​គី​នេះ មាន​លក្ខណៈ​ស្រដៀង​នឹង iPad mini របស់ Apple ដែលមាន​ស្គ្រី​ន​ទំហំ ៧,៩ អ៊ី​ញ និង​ប្រើប្រាស់​ប្រព័ន្ធ​ប្រតិបត្តិការ Android ខុសពី​ថេ​ប្លេ​ត​មុន​របស់ខ្លួន គឺ Lumia 2520 ដែល​ដំណើរការ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Windows ចេញ​កាលពី​ឆ្នាំ ២០១៣​។ 

​ថេ​ប្លេ​ត Lumia នេះ​មានតម្លៃ​ខ្ពស់ជាង​ឆ្ងាយ​ណាស់ គឺ ៤៩៩ ដុល្លារ នៅពេល​វា​ចាប់​ផ្តើមចេញ​លក់​នៅ​សហរដ្ឋអាមេរិក និង​ទទួលបាន​ជោគជ័យ​តិចតួច​ប៉ុណ្ណោះ​ជាមួយនឹង​អតិថិជន ដោយសារតែ​ប្រព័ន្ធ​ប្រតិបត្តិការ Windows Phone 8 មានកម្ម​វិធី​តិចជាង​ប្រព័ន្ធ Android និង ប្រព័ន្ធ iOS របស់ Apple​។​

​ការវិលត្រឡប់​របស់ Nokia មិន​ត្រូវបាន​រំពឹងទុក​នោះទេ ខណៈ​ក្រុមហ៊ុន​ទូរគមនាគមន៍​ដែល​ធ្លាប់​គ្របដណ្តប់​ពិភពលោក​មួយ​នេះ​ទំនង​ដូចជា​ងាក​មក​ផ្តោតលើ​សេវាកម្ម​ទូរគមនាគមន៍​វិញ ក្រោយពី​លក់​ផ្នែក​ផលិត​ទូរស័ព្ទ​របស់ខ្លួន​ក្នុងតម្លៃ ៧,៥២ ពាន់​លាន​ដុល្លារ​ឲ្យ​ទៅ​ក្រុមហ៊ុន​សូ​ហ្វ​វែ​យក្ស​អាមេរិក Microsoft កាលពី​ខែមេសា​។ 

​លោក Nystroem បាន​ពណ៌នា​ថេ​ប្លេ​ត​ថ្មី​នេះ​ថា​ជា "​ផលិតផល​ដ៏​អស្ចារ្យ​សម្រាប់​អ្នកគាំទ្រ Nokia និង​គ្រប់គ្នា ដែល​មិនទាន់​ជ្រើស​បាន​នូវ​ថេ​ប្លេ​ត​ដែល​ខ្លួន​ចង់បាន​"​។ 

Nokia ធ្លាប់ជា​ក្រុមហ៊ុន​នាំមុខគេ​លើ​សកលលោក​ក្នុង​ផ្នែក​ទូរស័ព្ទ មុនពេល​ការណែនាំ​នូវ​ទូរស័ព្ទ iPhone របស់ Apple ក្នុង​ឆ្នាំ ២០០៧ និង ការចាប់បដិសន្ធិ​នៃ​ទូរស័ព្ទ Android ដែល​ចេញពី​ក្រុមហ៊ុន Samsung៕

Post a Comment

Note: Only a member of this blog may post a comment.

 
Top