0
នៅក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន ការគោរព​ទៅលើ​ការ​បន់ស្រន់ ជំនឿ​ទៅលើ​វត្ថុ​ស័ក្តិ​សិទ្ធ ខ្នាយតាន់ ចែកាច់ ចង្កូមខ្លា កូនក្រក នាង​ពួន បញ្ញើក្អែក ជាដើម គឺ​នៅតែមាន​អ្នក​គោរព និង​មាន​ជំនឿ ជឿជាក់​ទៅលើ​វត្ថុ​ទាំងនេះ​។​

​កាលពី​សម័យមុនៗ អ្នក​ដែល​ពាក់​នូវ​វត្ថុ​ស័ក្តិ​សិទ្ធ​ទាំងនេះ គឺ​មានតែ​កងទ័ព អ្នក​ដែល​ត្រូវ​ទៅធ្វើ​សឹកសង្គ្រាម គ្រូមន្តអាគម ប៉ុណ្ណោះ​។​

CEN សូម​លើក​បង្ហាញ​តែ​ខ្នាយតាន់ (​ចង្កូម​ជ្រូកព្រៃ​) ឬ ចែកាច់ (​សំដៅលើ​ភ្លុក​) មក​រៀបរាប់ បញ្ជាក់​ពី​ប្រសិទ្ធភាព និង​ឥទ្ធិពល​របស់​វា ដោយ​តាំងពីដើម​រៀងមក​គេ​តែង​មានជំនឿថា ខ្នាយតាន់​សត្វព្រៃ​ផ្សេងៗ​មាន​ឥទ្ធិពល​មន្តអាគម​យ៉ាង​ពូកែ​ស័ក្តិ​សិទ្ធ វា អាច​ការពារ​ម្ចាស់​ពី​ឧបទ្រពចង្រៃ និង​គ្រោះថ្នាក់​ផ្សេងៗ​បាន​យ៉ាង​ពូកែ​អស្ចារ្យ​។ រីឯ​ចែកាច់ គឺ​សម្រាប់​អ្នករកស៊ី គេ​ចូលចិត្ត​ប្រើ​ច្រើន​។​

​លោក ច័ន្ទ មុនី​ពិសិដ្ឋ ដែលជា​អ្នក​ស្គាល់​និង​ប្រើ​នូវ​វត្ថុ​ទាំ​នេះ បាន​រៀបរាប់ថា  ភាគច្រើន​អ្នក​ដែលមាន​ខ្នាយតាន់ ឬ​ចែកាច់​នេះ គឺជា មេទ័ព​អ្នកធំ​មានអំណាច ឬ​អ្នក​ស្ថិតនៅ​សមរភូមិ​សង្គ្រាម ដើម្បី​ការពារ​ខ្លួន និង​កំចាត់​ខ្មាំងសត្រូវ​។ ប៉ុន្តែ​រហូតមក​ទល់នឹង ពេលបច្ចុប្បន្ន​នេះ ចែកាច់ ឬក៏​ខ្នាយតាន់​ក៏​នៅតែមាន​ឥទ្ធិពល​យ៉ាងខ្លាំង​ក្លា​ផងដែរ​។ អ្នក​ដែល​ទិញ​របស់​ស័ក្តិ​សិទ្ធ​ទាំងនេះ បច្ចុប្បន្ននេះ​មិនមែន​មានតែ​មន្ត្រីរាជកា​រ​ធំ​នោះទេ គឺមាន​ទាំង​អ្នករកស៊ី អ្នកធ្វើការ ជាដើម​។​

​លោក ច័ន្ទ មុនី​ពិសិដ្ឋ បាន​បន្តថា បារមី​នៃ​ខ្នាយតាន់​នេះ​នឹង​នៅ​រក្សា​ការពារ​មិនឱ្យ​សត្រូវ​ជិត​ឆ្ងាយ​ណា​មក​បៀតបៀន ឬ​យកឈ្នះ​លើ​ខ្លួនគេ បានឡើយ​។ អ្នកមាន​ខ្នាយតាន់​ជ្រូកព្រៃ​តែងតែ​កាន់​ដំណម​មួយចំនួន​យ៉ាង​ខ្ជាប់ខ្ជួន​ហើយ​គួបផ្សំ​នឹង​មន្ត អាគម​បន្ថែម​ផង​នោះ​ធ្វើឱ្យ​ខ្នាយតាន់​ជ្រូកព្រៃ​ដែលមាន​បារមី​កាន់​ស្រាប់ កាន់តែ​ខ្លាំងក្លា​មួយកម្រិត​ថែមទៀត​។​

​ខ្នាយតាន់​នេះ​មាន​នៅតាម​បណ្តា​ខេត្ត​មួយចំនួន ដូចជា  ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ កំពង់ធំ ក្រចេះ ស្ទឹងត្រែង រតនៈគីរី មណ្ឌល​គី​រី ហើយ​ថ្មីៗ​នេះ ក៏មាន​ប្រភព​មកពី​ប្រទេសក្រៅ​ផងដែរ ដូចជា ប្រទេស​ថៃ ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​អា​ហ្វ្រិ​ច ជាដើម ប៉ុន្តែ​វា​មិន​ពូកែ​ដូច​របស់​នៅក្នុង​ប្រទេស​កម្ពុជា​យើង​ទេ​។​

​លោក​បានបញ្ជាក​បន្ថែម​ថា ទាំង​ខ្នាយតាន់ និង​ចែកាច់ ជាវ​ត្តុ​ស័ក្តិ​សិទ្ធ​ដ៏​កម្រ​មួយ​ដែល​មនុស្ស​រាល់គ្នា​នៅក្នុង​សង្គម​ខ្មែរ​មាន ជំនឿ​ជា​យូរលង់​ណាស់​មកហើយ ហើយ​របស់​នេះ​គឺជា​របស់​ដែល​សល់​តាំងពី​សម័យបុរាណ​មក​។ ចែកាច់ និង​ខ្នាយតាន់ ត្រូវយក មក​ដាក់​ជាប់​នឹង​ខ្លួន ដូចជា បន្តោង​ខ្សែក ជាដើម ដោយ​ភាគច្រើន​មនុស្ស​ប្រុស​ជា​អ្នក​និយម​ប្រើ​។ បច្ចុប្បន្ន ក៏មាន​ជនខិលខូច​មួយចំនួន យក​ឆ្អឹង​គោ ឬ​ឆ្អឹង​សត្វ​ផ្សេងៗ មក​កែច្នៃ​ធ្វើ​ឲ្យ​ដូច​ទៅនឹង​ខ្នាយតាន់ ឬ ក៏​ចែកាច់​នេះ បើ​អ្នកណា​មិនចេះ​មើល ច្បាស់​ជា​ចាញ់បោក​គេ​មិន​ខាន​។​

​លោក​ច័ន្ទ មុនី​ពិសិដ្ឋ ក៏បាន​ឲ្យ​ដឹង​ពី​របៀប​សាក​ខ្លះៗ ដើម្បី​ដឹងថា វត្ថុ​ក​ស័ក្តិ​សិទ្ធ​នោះ (​ចែកាច់ ឬ ខ្នាយ តាន់​) ជា​របស់​ស័ក្តិ​សិទ្ធ ឬ​យ៉ាង ណា​។ គេ​អាចយ​កវា​ទៅ​ពិសោធន៍​ដោយ​របៀប​ច្រើនយ៉ាង ដូចជា យក​របស់​នោះ​ទៅ​ដោត​នឹង​បណ្តូល​ដើម​ចែក​ដែល​កាប់​ហើយ​បើ​ដើម​ចេក នោះ​រលួយ មានន័យថា ចែកាច់​នោះ​សុទ្ធ​ល្អ​។ វិធី​មួយទៀត​ដែល​គេ​អាចធ្វើ​បាន គឺ​គេ​យក​ខ្សែ​អំបោះ​ជ្រលក់​នឹង​ប្រេងសាំង​ដាក់​នៅលើ​ចែកាច់ ហើយ​ដុត​វា បើ​វា​ស័ក្តិ​សិទ្ធ​នោះ​ភ្លើង​នឹង​រលត់​ពេល​ឆេះ​ដល់​ចែកាច់​ភ្លាម​។​

​លោក​បាន​បន្តទៀតថា  បើតាម​លោក​ដឹង​ចំពោះ​តំលៃ​វិញ វា​អាស្រ័យទៅលើ​ទំហំ​ប្រវែង និង​អាយុកាល គឺ​ចាប់ពី ៥០​ដុល្លារ រហូតដល់​រាប់ម៉ឺន​ដុល្លារ​ក៏មាន​។​

​លោក​ពិសិដ្ឋ​បន្ថែមថា អ្នក​ដែល​បាន​ខ្នាយតាន់ ឬ​ចែកាច់​នេះ ដោយ​ការដាក់​អន្ទាក់ សម្លាប់​នោះ គឺ​វា​មិន​ពូកែ​ស័ក្តិ​សិទ្ធ​ទេ ប៉ុន្តែ​បើ​ខ្នាយតាន់ ឬ ក៏​ចែកាច់ បាន​ដោយ​វា​កាច់​ឲ្យ​ដោយ​ខ្លួនឯង ដូចជា​ចាក់​ជាប់​នៅ​នឹង​ដើមឈើ ឬក៏​នៅ​កន្លែង​ណាមួយ​នោះបាន​វា​ពូកែ ហើយ​ប្រសិនបើ អ្នក​ដែល​កាន់​បាន​របស់​នោះ វា​នឹង​ដុះ ដូចជា​ឡើង​ម្រេះ (​ដុស​ដុំ​ពកៗ​) ឬក៏​មាន​ដុះ​ពួន ក៏មាន​។​

​ចំណែក​លោក ពិដោរ ជា​បុគ្គលិក​ក្រុមហ៊ុន​មួយ បាន​ឲ្យ​ដឹង​ដែរ​ថា ៖ “​ខ្ញុំ​មាន​និង​ពាក់​វត្ថុ​ស័ក្តិ​សិទ្ធ​នេះ (​ខ្នាយតាន់​) ជា​យូរ​មកហើយ​។ ដោយ​ពីមុន​អ្នក​ពាក់​របស់​នេះ ភាគច្រើន​ជា​កងទ័ព ទៅធ្វើ​សឹកសង្គ្រាម តែ​ខ្ញុំ​ពាក់​នេះ គឺ​ដើម្បី​ការពារ​ខ្លួន​ពី​ពួក​អមនុស្ស និង​ដើម្បី​សេចក្តីសុខ​។​

​លោក​បន្តថា  វា​មិនមែនជា​រឿង​ចំឡែក​អ្វី​ទេ ដែល​សម័យ​បច្ចុប្បន្ន នេះ​ជា​សម័យ​ជឿនលឿន សម័យ​កុំព្យូទ័រ ហើយ​យើង​នៅមាន​ជំនឿ គោរព​ទៅលើ​វត្ថុ​ស័ក្តិ​សិទ្ធ​ទាំងនេះ​។ វា​ពិតជា​អាចជួយ​ការពារ ពី​គ្រោះ​ចង្រៃ​ផ្សេងៗ​បាន​ពិតមែន​។​

​រីឯ​លោក ថាច ជា​អតីត​ទាហាន​ក្នុងសម័យ​រដ្ឋ​កម្ពុជា បាន​រៀបរាប់​ឲ្យ​អ្នកយកព័ត៌មាន CEN ដឹង​ដែរ​ថា ខ្នាយតាន់ គឺជា​វត្ថុ​ស័ក្តិ​សិទ្ធ​មួយ ដែល​អាចជួយ​ការពារ​យើង និង​ធ្វើ​ឲ្យ​យើង​មានចិត្ត​ក្លាហាន ប៉ុន្តែ​អ្នក​កាន់ (​ម្ចាស់​) ក៏ត្រូវ​តែ​ចេះ​ថែរក្សា និង​តម​ឲ្យ​បាន​ទើប​វត្ថុ​នោះ ជួយ​យើង​ដែរ​។ ចំពោះ​ដំណម​នោះ មានដូចជា ដើរ​ក្រោម​ស្នួរ ខោអាវ ចូល​បន្ទប់ទឹក លូន​ក្រោម​សា​រ៉ុង ៘​។​

​លោក​បន្តថា គេ​ជឿថា អ្នក​ដែលមាន​ខ្នាយតាន់​ពាក់ ពេលដែល​ធ្វើសឹក​សង្គ្រាម ទោះបីជា​យើង​ដើរ​កាត់មុខ​សត្រូវ ក៏​សត្រូវ​នោះ​បាញ់​យើង​មិនត្រូវ ឬក៏​បាញ់​មិន​ចេញ​តែម្តង​។ ជា​រៀងរាល់​ថ្ងៃសីល គឺ​យើង​ត្រូវ​ដុត​ធូប​ថ្វាយ​ចេក​។​

​សូមបញ្ជាក់​ផងដែរ ទាំងនេះ​គឺ​គ្រាន់តែ​ជា​ជំនឿ​របស់ ប្រជាពលរដ្ឋ​ខ្មែរ​យើង​មួយចំនួន ដែល​ពួកគាត់​នៅតែ​ជឿ នៅតែ​គោរព ដែល​នេះ​ជា​ជំនឿ​របស់​មនុស្ស​ម្នាក់ៗ ដោយ​គ្មាន​អ្នកណា​ទៅ​បង្ខំ​នោះទេ​៕​R/L











Post a Comment

Note: Only a member of this blog may post a comment.

 
Top