ក្រុមហ៊ុនផលិតកម្មវិធីកម្ចាត់មេរោគ Kaspersky និងអង្គភាពប៉ូលិសកម្ចាត់ឧក្រិដ្ឋកម្មអន្តរជាតិ (INTERPOL) បានចេញរបាយការណ៍ថា ពេលនេះក្រុម Hacker នៅទូទាំងពិភពលោកបានបង្វែរទិសដៅមកវាយប្រហារបណ្ដា Smartphoneទាំងអស់ក្នុងគោលបំណងលួចប្រាក់របស់អ្នកប្រើប្រាស់ហើយក្នុងនោះSmartphone ដែលប្រើប្រព័ន្ធប្រតិបត្តិការ Android រងគ្រោះគ្រោះខ្លាំងជាងគេដែលគិតជាភាគរយមានរហូតដល់ទៅ ៦០ភាគរយឯណោះ។ នេះក៏ដោយសារតែAndroid មានចំណែកទីផ្សារច្រើនជាងគេចំនួន៨៥ភាគរយ (នេះបើតាមការបញ្ជាក់ពីប្រភពខាងលើ)។
របាយការណ៍ពីប្រភពដដែលក៏បានបន្ថែមទៀតដែរថាមូលហេតុដែលHacker កំពុងផ្អែមមាត់លួចប្រាក់(តាមទូរសព្ទ)ក៏ដោយសារតែបច្ចុប្បន្នមានអ្នកប្រើប្រាស់កាន់តែច្រើនឡើងៗងាកមកប្រើអ៊ីនធឺណិតតាមរយៈSmartphone ជាពិសេសគឺការបញ្ជាទិញទំនិញលើ Online តែម្ដង។ ចំណែកឯកម្មវិធីដែលត្រូវបានដោនឡូតតាម Store ផ្សេងៗ (Play Store និងStore ពីភាគីទី៣ដូចជា Amazon App Store ជាដើម)គឺសុទ្ធតែបង្កការគំរាមកំហែងដល់អ្នកប្រើប្រាស់ដោយសារ Hackerអាចបញ្ចូលមេរោគទៅក្នុងកម្មវិធីមួយចំនួនដើម្បីឲ្យអ្នកប្រើប្រាស់ដោនឡូត។
ប្រភពដដែលបានសង្កត់ធ្ងន់ទៀតថាចំនួនជនរងគ្រោះដែលរងការវាយប្រហារច្រើនជាងគេបំផុតគឺនៅប្រទេសរុស្ស៊ីនិងប្រទេសបន្តបន្ទាប់ចំនួន ៨ផ្សេងទៀតដូចជា អ៊ុយក្រែន អេស្ប៉ាញ ចក្រភពអង់គ្លេស វៀតណាម ម៉ាឡេស៊ី អាល្លឺម៉ង់ ឥណ្ឌា និងបារាំង។ Malware ពីរដែលដើរតួសំខាន់ក្នុងការវាយប្រហារគណនីធនាគាររបស់ជនរងគ្រោះទាំងអស់នោះគឺ Trojan-Banker និង Trojan-SMS។ នេះបើតាមការបញ្ជាក់បន្ថែមពីក្រុមហ៊ុនKaspersky៕

Post a Comment
Note: Only a member of this blog may post a comment.